រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំពិភាក្សាសម្រេចលើពង្រាងសេចក្ដីណែនាំស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០១៩-២០២០(តាមប្រព័ន្ធអនឡាញ)

  • 176
  • ដោយ Admin

ថ្ងៃនេះនៅសាលប្រជុំ Save the Children (SC)នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ(Zoom) ពិភាក្សាសម្រេចលើពង្រាងសេចក្ដីណែនាំស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ លោក លោកស្រីប្រធាន ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាផ្ដោតសំខាន់លើចំណុច៖
១/សម័យប្រឡង និងកាលបរិច្ឆេទប្រកាសលទ្ធផល
២/ការកំណត់មណ្ឌលប្រឡង
៣/សុវត្ថិភាពមណ្ឌលប្រឡង សុខភាពគណៈមេប្រយោគ និងបេក្ខជន
៤/ការរៀបចំបេក្ខជនប្រឡង
៥/វិញ្ញាសា ថេរវេលា និងរបបពិន្ទុ
៦/គោលការណ៍ទាក់ទងវិញ្ញាសា ការកំណត់ពិន្ទុឱ្យជាប់ និងនិទ្ទេស
៧/សន្លឹកកិច្ចការបេក្ខជន
៨/ការរៀបចំ និងការឧត្ថម្ភគណៈមេប្រយោគ
៩/កម្មវិធីការងារប្រឡង
១០/ការធ្វើសវនកម្ម និងការធានាភាពត្រឹមត្រូវ
១១/សំណុំឯកសារគំរូជូនភ្ជាប់
១២/ការផ្ដល់ឯកសារក្រោយពេលប្រកាសលទ្ធផលប្រឡង
ឯ.ឧ.បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ខ្លាំងឱ្យគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តត្រូវតែគិតគូរសុខុមាលភាពគណៈមេប្រយោគ និងបេក្ខជនកាត់បន្ថយឱ្យបានជាអតិបរមានៃការចរាចរណ៍បម្លាស់ទីរបស់បេក្ខជន និងគណៈមេប្រយោគដែលជាបញ្ហាប្រឈមខ្លាំងនៃការចម្លងជំងឺកូវីដ-១៩ នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងត្រូវស្វ័យសម្រេចចិត្តក្នុងការកំណត់មណ្ឌលប្រឡងខេត្តសាមីប្រកបដោយសុវត្ថិភាពព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាលើកិច្ចការបច្ចេកទេសចាំបាច់មួយចំនួនផងដែរ។ (អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង